សង្សាខ្មោច
សង្សាខ្មោច

សង្សាខ្មោច 2014

Romance, Horror, Comedy,

SHARE NOW

ភ្នំពេញ៖ "ការហូរចូល នៃភាពយន្តបរទេស ចូលមកក្នុងទីផ្សារភាពយន្តខ្មែរ និយាយទៅសម្រាប់ផលិតកម្មស្រុកខ្មែរ គឺជារឿងមួយគួរឲ្យខ្លាច" ។ នេះជាការអះអាង របស់លោក ឡាយ សុខចំរើន អ្នកចាត់ការទូទៅ ប្រចាំក្នុងផលិតកម្មសាន់ដេ បានថ្លែងនៅក្នុងពិធីបង្ហាញ ខ្សែភាពយន្តថ្មីរបស់ខ្លួន ដែលជាស្នាដៃទី៥ គឺរឿង "សង្សារខ្មោច" រៀបចំឡើងនៅក្នុងបរិវេណ សាលមហោស្រពចេនឡា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤កន្លងទៅ ។

ការថ្លែងបែបនេះ គឺបន្ទាប់ពីមានការព្រួយបារម្ភ សម្រាប់ផលិតករភាពយន្ត ម្ចាស់ផលិតកម្ម និងអ្នកពាក់ព័ន្ធនានាក្នុងវិស័យភាពយន្ត ក្នុងប្រទេសកម្ពុជា លើការហូរចូល ភាពយន្តបរទេស នៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដោយគ្មានស្ថាប័ន ពាក់ព័ន្ធណាមួយរបស់ជាតិ អើពើគិតគូរទប់ស្កាត់អ្វីឡើយ ខណៈភាពយន្តខ្មែរ កំពុងតែមានការរីកចម្រើន គួរឲ្យកត់សម្គាល់។ ប៉ុន្តែអាចនឹងមានការធ្លាក់ចុះវិញ ប្រសិនបើនៅតែគ្មានវិធានការណាមួយជួយទប់ស្កាត់លើបញ្ហានេះ។

លោក ឡាយ សុខចំរើន បានអះអាងទៀតថា មូលហេតុដែលលោកគិតថា ការហូរចូល នៃភាពយន្តបរទេសមកក្នុងទីផ្សារភាពយន្តក្នុងស្រុក ជាប្រការគួរឲ្យខ្លាច សម្រាប់ផលិតកម្មក្នុងស្រុក គឺលោកបានលើកហេតុផលជាក់ស្ដែងថា សព្វថ្ងៃ គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ យើងឃើញថា សុទ្ធតែបានចាក់ផ្សាយភាពយន្ត និងចម្រៀងបរទេស ពោលគឺភាពយន្តខ្មែរ ចម្រៀងខ្មែរ មានចំនួនតិចតួចនៅឡើយ ។ បញ្ហានេះលោកបានសំណូមពរ ដល់បណ្ដាញស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ សូមមេត្តាជួយលើកស្ទួយ វិស័យសិល្បៈភាពយន្ត និងចម្រៀងខ្មែរ ព្រោះយើងជាខ្មែរដូចគ្នា ត្រូវតែជួយគ្នា ដើម្បីសិល្បៈវប្បធម៌យើងរីកចម្រើនទៅថ្ងៃអនាគត ។

យ៉ាងណាក្ដីលោក ឡាយ សុខចំរើន បានពន្យល់ថា លោកចង់ឲ្យផលិតករ នៅក្នុងប្រទេសខ្មែរ ទាំងអស់ចងក្រងគ្នាជាសមាគមមួយ គឺសមាគមផលិតករខ្មែរ ដើម្បីស្នើទៅកាន់ក្រសួងពាក់ព័ន្ធ ឲ្យផ្អាក ឬបញ្ឈប់ទាំងស្រុង នូវការចាក់បញ្ចាំងភាពយន្តបរទេស លើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដើម្បីបានឱកាសឲ្យភាពយន្តខ្មែរ មានវត្តមានលើកញ្ចក់ទូរទស្សន៍របស់ខ្លួន កាន់តែច្រើន ។ ចំពោះផលិតកម្ម សាន់ដេ (Sunday) តែមួយ គឺមិនអាចធ្វើបានទេ គឺទាល់តែយើងរួបរួមគ្នា គ្រប់ផលិតកម្ម គ្រប់ផលិតករ និងអ្នកដឹកនាំរឿងទាំងអស់ទើបអាចធ្វើទៅបាន។

សួមបញ្ជាក់ថា ផលិតកម្មសាន់ដេ គ្រោងនឹងចាក់បញ្ចាំងភាពយន្តថ្មី របស់ខ្លួនគឺរឿង "សង្សារខ្មោច" នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ ក្នុងរោងភាពយន្តពីរព្រមគ្នា គឺរោងភាពយន្តចេនឡា និងរោងភាពយន្តលុច្ស ចាប់ពីម៉ោង៨ព្រឹកតទៅ ។ រឿង "សង្សារខ្មោច" ចូលរួមសម្ដែង ដោយតារាចម្រៀងល្បីៗ របស់ផលិតកម្ម សាន់ដេ រួមមានកញ្ញា សុខ ពិសី លោក នីកូ កញ្ញា យូរី កញ្ញា អ៊ីវ៉ា កញ្ញា តាក់ម៉ា កញ្ញា លីនដា លោក កែវ វាសនា លោក អ៊ីណូ លោក មូល សុវណ្ណគិរី ព្រមទាំងតារាសម្ដែងល្បៗជាច្រើនដួងទៀត ៕